Monday, September 18, 2017

ការគោរពដឹងគុណចំពោះមាតាបិតា


 យើងម្នាក់ៗតែងតែ កើតមករមែងមាន ឪពុកម្តាយ អាណាព្យាបាល ជាអ្នកមើលថែទាំយើង។ ចំណែកឯ ការដឹងគុណ ឬការក្រាបសំពះអ្នកមានគុណ មិនមែនរមែងមានតែមួយថ្ងៃនោះទេ គឺយើងជាកូនត្រូវចេះស្រលាញ់គាត់និង ជួយយកអាសារគាត់គ្រប់ពេលវេលាទាន់លោកនៅមានកម្លាំង នៅអាចមើលឃើញភាពជោគជ័យ របស់យើង មើលឃើញយើងមានសុភមង្គល និងមើលឃើញនូវសមិទ្ធិផល ដែលលោកចិញ្ចឹមតាំងពីតូចដល់ធំ។


          ចំពោះខ្ញុំវិញ ខ្ញុំបានក្រាបថ្វាយបង្គំ សុំខមាល ទោស ឪពុកម្តាយខ្ញុំរួចហើយ រាល់កំហុសឆ្គង ជាច្រើនដែលខ្ញុំបានប្រព្រឹត្តចំពោះ លោកទាំងពីរ ចាប់តាំងពីកើតរហូតមកដល់ពេលនេះ ដូចជា ធ្លាប់ប្រើពាក្យសម្តីមិនសមរម្យ ទ្រគោះបោះបោក ប្រើសំលេងខ្លាំងៗ មិនស្តាប់ដំបូន្មានរបស់គាត់ជាដើម។ យើងដឹងហើយថា មាតាបិតា ជាអ្នកដែលមានគុណធ្ងន់ក្រៃលែង គ្មានអ្វីអាចប្រៀបបាន។
 កាលណា​យើងធ្វើរឿងមិនល្អចំពោះលោក បើនិយាយតាមព្រះពុទ្ធសាសនា កម្មដែលយើងបានធ្វើទាំងអំបាលម៉ាន  នឹងត្រឡប់មករកយើងវិញ នៅថ្ងៃណាមួយជាក់ជាពុំខាន។
មាតាបិតាជាទីប្រឹក្សាដ៏ល្អ សំរាប់កូនៗ រាល់ពេលដែល​ យើងដោះស្រាយបញ្ហាអ្វីមួយមិនចេញ គាត់តែងតែផ្តល់ដំបូន្មានល្អៗ ជានិច្ចចំពោះកូនៗ ព្រោះមាតាបិតាគ្រប់រូប តែងរំពឹងឃើញកូនរបស់ខ្លួនបានខ្ពស់មុខខ្ពស់មាត់។ យ៉ាងណាមិញ ទោះកូនរបស់គាត់ មិនប្រព្រឹត្តទៅតាមគន្លងធម៌ក៏ដោយ ក៏ទឹកចិត្តជាឪពុកម្តាយ នៅតែស្រឡាញ់កូន និងនៅក្បែរកូនជានិច្ច។ គាត់ខិតខំប្រឹងប្រែងធ្វើការរកស៊ីទាំងយប់ទាំងថ្ងៃ ក៏ដើម្បីតែកូន ពួកគាត់តែងតែគិតពី កូនគ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូលរបស់គាត់ ទាំងអស់គឺកូន។ តួយ៉ាង ម្តាយខ្ញុំបានដំណាលរឿងមួយប្រាប់ខ្ញុំ កាលគាត់ឆ្លងទន្លេ កំណើតប្អូនស្រីខ្ញុំ នោះជាពេលដែលគាត់ ភិតភ័យជាលើកទីពីរ មុនពេលសម្រាល គាត់បានប្រាប់ ម្តាយមីងខ្ញុំថា បើគាត់មានបញ្ហាអ្វី នៅពេលសម្រាល សុំអោយមីងខ្ញុំ ជួយយកខ្ញុំទៅចិញ្ចឹម ថែរក្សាខ្ញុំ ស្រឡាញ់ខ្ញុំកូនបង្កើតផង អោយខ្ញុំបានរៀនសូត្រ ចប់ចុងចប់ដើមដូចកូនគេដទៃផង ខ្ញុំគ្រាន់តែឮគាត់និយាយប្រាប់ ខ្ញុំអាណិតម្តាយខ្ញុំយ៉ាងខ្លាំង ទឹកភ្នែកខ្ញុំហូរស្រក់មក ហើយខ្ញុំអោបម្តាយខ្ញុំយ៉ាងណែន អ្វីដែលគាត់បានឆ្លងកាត់ពិតជា ពិបាកគ្មានអ្វីប្រៀបបាន។ ក្រៅពីនេះ ពេលខ្ញុំទៅសាលា ឬ ទៅណាដែលនៅក្រៅផ្ទះ គាត់តែងតែផ្តាំខ្ញុំ បើកបរកុំលឿនពេកបើកយឺតៗ និងអ្វីផ្សេងទៀតដែលគិតថា ខ្ញុំមានសុវត្ថិភាព រហូតដល់ខ្ញុំ ត្រលប់មកផ្ទះវិញ ទើបគាត់លែងបារម្ភ។ ដូចនេះ ទឹកចិត្តជាម្តាយ ទោះខ្លួនគាត់ ស្ថិតក្នុងសភាពណា​ ក៏ដោយក៏គាត់នៅតែ នឹកដល់កូន និង​ បារម្ភពីកូនជានិច្ច។ មិនមែនមានតែម្តាយខ្ញុំទេ ដែលស្រឡាញ់កូន ម្តាយគ្រប់រូបក៏ដូច្នោះដែរ ពួកគាត់រមែង តែងតែចង់ឃើញ កូនខ្លូនរស់នៅបានសុខ។ ចំពោះលោកឪពុកវិញ ក៏ដូច្នោះដែរ គាត់ចេញទៅក្រៅ ធ្វើការរកស៊ី ក្រោមកំដៅថ្ងៃដ៏សែនក្តៅ ក៏ព្រោះតែកូនៗ។ បើនិយាយពីឪពុកខ្ញុំវិញ គាត់បានចំណីអ្វី បន្តិចបន្តួចក៏ទុកអោយកូនដែរ គាត់សុខចិត្តមិន បរិភោគខ្លួនឯងអោយតែកូនបានឆ្អែត។ គាត់តែងតែអប់រំខ្ញុំ អោយធ្វើជាមនុស្សល្អ ចេះដឹងគុណអ្នកដទៃ ប្រឹងប្រែងរៀនសូត្រ
ខ្ញុំចាំសម្តី គាត់ប្រាប់ខ្ញុំថា កាលណាកូនមានចំណេះ អ្វីគ្រប់យ៉ាងនឹងនៅក្នុងដៃកូនទាំងអស់។
ជាចុងក្រោយ​ យើងជាកូនត្រូវចេះគោរព ប្រតិបត្តិមាតាបិតា កុំធ្វើអោយលោកពិបាកចិត្ត ដោយសារតែយើង ត្រូវធ្វើអ្វីដែលល្អៗ ចំពោះលោក​ ទាន់លោកនៅរស់រានមាន ជីវិតដូចពាក្យចាស់បុរាណ បានពោលថា ធ្វើបុណ្យទាន់ខែភ្លឺ កុំចាំដល់ពេលលោក មិននៅទើបមក គោរពនោះវាគ្មានន័យអ្វីនោះទេ។ ដូចនេះ ការសំពះថ្វាយ បង្គំមាតាបិតាមិនជា អំពើដែលគួរអោយខ្មាស់ នោះទេ ចូរគប្បីធ្វើអោយគាត់ទាំងទ្វេសប្បាយចិត្ត នូវអ្វីដែលមាតាបិតាទូទៅ ប្រាថ្នាចង់បាន។ ខ្ញុំក៏សូមអរគុណមាតាបិតា របស់ខ្ញុំដែលបានបីបាច់ ថែរក្សាខ្ញុំ បង្កើត និងផ្តល់កំណើតដ៏ផូរផង់នេះដល់ខ្ញុំ ដែលបានចិញ្ចឹមខ្ញុំដល់ធំប៉ុននេះ អប់រំខ្ញុំអោយក្លាយជាមនុស្សម្នាក់ដែលមានគេស្រលាញ់រាប់អាន និងជាមនុស្សម្នាក់ដែលសង្គមទទួលស្គាល់។




No comments:

កុំតូចចិត្តអីព្រោះមានអ្នកពិបាកជាងអ្នករាប់លានដង

លើលោកនេះគ្មានបុគ្គលណាម្នាក់ មិនធ្លាប់ឆ្លងកាត់ភាពលំបាកនោះឡើយ  គ្រាន់តែភាពលំបាកទាំងនោះមានលក្ខណៈខុសគ្នា និងមានទំហំខុសគ្នាប៉ុណ្ណោះ។ ប្រសិនបើអ្...